ដាំដើមឈើ នឹង ទីក្រុងស្អាត

នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារបានចូលរួម “ព្រឹត្តិការណ៍ដាំកូនឈើ និង ទីក្រុងស្អាត” ដែលបានប្រព្រឹត្តិឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន ព្រែកត្នោត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ។ ព្រឹត្តិការណ៍ដាំកូនឈើរួមគ្នាចំនួន ៣.០០០ ដើមនេះរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តកំពត ក្រោមអធិបតីរបស់លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត និងលោកជំទាវ ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ បានចូលរួមផ្តួចផ្តើមសកម្មភាពនេះគឺដើម្បីផ្តល់នូវសារអប់រំបរិស្ថានទៅដល់សិស្សានុសិស្ស ក៏ដូចជាលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីបរិស្ថាន និងបណ្តុះនូវផ្នត់គំនិតដល់យុវជនជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ និងចូលរួមក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ។

ស្របជាមួយនឹងបេសកកម្មមួយរបស់ធនាគារ FTB ដើម្បីប្រតិបត្តិការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន ធនាគារតែងតែចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដើម្បីធ្វើឲ្យមានផលវិជ្ជមានដល់សហគមន៍របស់យើង ។