ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាបង់ពន្ធអាករគ្រប់ប្រភេទ


ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាបង់ពន្ធគ្រប់ប្រភេទ ជូនដល់អតិថិជន ដើម្បីធ្វើការបង់ពន្ធ និងអាករគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ (GDT)។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មបង់ពន្ធគ្រប់ប្រភេទនេះគឺជាការផ្តល់ជូននូវសេវាថ្មីមួយបន្ថែមទៀតដោយធនាគារ FTB បន្ទាប់ពីការផ្តើមដាក់ឱ្យដំណើរការសេវាបង់ពន្ធអាករជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមក។

ជាមួយនឹងការដាក់ឱ្យដំណើរការសេវាថ្មីនេះ ធនាគារFTB នាំមកនូវភាពងាយស្រួលជូនអតិថិជនទាំងអស់ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ ។ សេវាថ្មីនេះមាននៅគ្រប់សាខាទាំងអស់របស់ ធនាគារFTB នៅតាមបណ្តាខេត្តក្រុង។ អតិថិជនទាំងអស់អាចបង់ពន្ធគ្រប់ប្រភេទរួមមាន៖ ពន្ធលើការនាំចេញ នាំចូល ពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុក ពន្ធលើប្រាក់ប្រាក់បៀវត្សរ៍ ពន្ធបន្ថែមអាករពិសេសលើទំនិញ ពន្ធលើការជួលអចលនទ្រព្យ ពន្ធប៉ាតង់ ពន្ធលើដីធ្លីដែលមិនបានប្រើ ពន្ធលើមធ្យោបាយធ្វើដំណើរ និងពន្ធផ្សេងៗទៀត ។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB បានមានប្រសាសន៍ថា៖ “ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប។ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយ ដែលទទួលការទុកចិត្តជាង ៤០ឆ្នាំកន្លងមកនេះ ធនាគារFTB មានមោទនភាព ដែលអគ្គនាយកដ្ឋានពន្ធដារបានផ្តល់ឱកាសអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រមូលពន្ធគ្រប់ប្រភេទតាមរយៈសេវាបង់ពន្ធថ្មីនេះរបស់ធនាគារ ។ ធនាគារ FTB នឹងជួយសម្រួលដល់ដំណើរការបង់ពន្ធឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពដល់សាធារណៈជន។ សេវាបង់ពន្ធថ្មីនេះនឹងបំពេញបន្ថែមលើផលិតផល និងសេវាកម្មនានាដែលមានស្រាប់នៅគ្រប់សាខា និងតាមបណ្តាញឌីជីថលរបស់ធនាគារ” ។

នាពេលបច្ចុប្បន្ន ធនាគារFTB កំពុងផ្តល់ជូននូវផលិតផល និងសេវាសម្បូរបែបជូនដល់អតិថិជន រួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាធនាគារវីអាយភី ធនាគារអនឡាញ កម្មវិធីធនាគារចល័ត សេវាប័ណ្ណឥណពន្ធ និងបង់ប្រាក់ជាមុន ការទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ញើប្រាក់ក្នុងនិងក្រៅប្រទេស សេវាប្តូរប្រាក់ លិខិតឥណទាន សេវាធានាការទូទាត់ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលបានកើនឡើងជិត ២.០០០លានដុល្លារអាមេរិក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។